យេរេមា 25:10-17 Khmer Standard Version (KHSV)

10. យើង​នឹង​ធ្វើ​ឲ្យ​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។

11. ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។

12. លុះ​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ប្រជា‌ជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។

13. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។

14. យើង​ក៏​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ស្រុក​បាប៊ី‌ឡូន​នេះ​ធ្វើ​ជា​ចំណុះ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​តាម​ស្នា‌ដៃ​ដែល​គេ​បាន​សូន​ធ្វើ»។

15. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក។

16. ចូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ធីង‌ធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​ទៅ​ប្រហារ​ពួក​គេ»។

17. ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ចាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នោះ

យេរេមា 25