24. ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។
25. យើងនឹងប្រគល់អ្នកទៅឲ្យពួកដែលចង់ប្រហារជីវិតអ្នក។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលធ្វើឲ្យអ្នកញ័ររន្ធត់ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ។
26. យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។
27. អ្នកប្រាថ្នាចង់វិលមកស្រុកកំណើតវិញណាស់ តែពុំអាចវិលត្រឡប់មកវិញបានឡើយ»។
28. តើព្រះបាទយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងព្រះរាជវង្ស ត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់?