5. ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជា សែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។
6. ហេតុនេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម”ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”វិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7. នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។
8. យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។
9. ខ្មាំងសត្រូវ និងអស់អ្នកដែលចង់ប្រហារជីវិតពួកគេមុខជាឡោមព័ទ្ធទីក្រុង បណ្ដាលឲ្យពួកគេរងទុក្ខវេទនា និងតប់ប្រមល់យ៉ាងខ្លាំង។ ពេលនោះ យើងនឹងធ្វើឲ្យពួកគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយម្នាក់ៗស៊ីសាច់គ្នាឯង”។
10. បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា:
11. “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះ ដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញបានទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។
12. យើងនឹងធ្វើឲ្យក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្ដេចស្រុកយូដា ដែលសៅហ្មង ក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងថ្វាយគ្រឿងសក្ការបូជានៅរានហាល សម្រាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាថ្វាយព្រះដទៃ”»។