យេរេមា 16:5-10 Khmer Standard Version (KHSV)

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​មាន​គេ​កាន់​ទុក្ខ កុំ​ចូល​រួម​ក្នុង​ពិធី​បញ្ចុះ​សព ហើយ​កុំ​ជួយ​រំលែក​ទុក្ខ​នរណា​ឲ្យ​សោះ ដ្បិត​យើង​ដក​សេចក្ដី​សុខ សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​របស់​យើង​ចេញ​ពី​ប្រជា‌រាស្ត្រ​នេះ​ហើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. អ្នក​ស្រុក​នេះ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ដោយ​គ្មាន​នរណា​បញ្ចុះ​សព និង​យំ​សោក ហើយ​គ្មាន​នរណា​ឆូត​សាច់ ឬ​កោរ​សក់​កាន់​ទុក្ខ​ទេ។

7. គ្មាន​នរណា​កាច់​នំបុ័ង​ចែក​ដល់​គ្រួសារ​ដែល​កាន់​ទុក្ខ ហើយ​ក៏​គ្មាន​នរណា​លើក​ពែង​ជូន​គេ ដើម្បី​ជួយ​រំលែក​ទុក្ខ​អ្នក​ដែល​បាត់​បង់​ឪពុក‌ម្ដាយ​ដែរ។

8. កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​តែ​ជប់‌លៀង គឺ​កុំ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​ពួក​គេ​ឡើយ

9. ដ្បិត​យើង​ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​ធ្វើ​ឲ្យ​លែង​មាន​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។

10. ពេល​អ្នក​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន ពួក​គេ​មុខ​ជា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ចង់​ដាក់​ទោស​ពួក​យើង​យ៉ាង​ធ្ងន់‌ធ្ងរ​បែប​នេះ តើ​ពួក​យើង​ធ្វើ​អ្វី​ខុស? តើ​ពួក​យើង​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង?”

យេរេមា 16