1. ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ដ* និងជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតា បានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ សូមជ្រាប។
2. សូមព្រះជាម្ចាស់មេត្តាករុណាប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។
3. បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបងប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ* ម្ដងជាសូរេច
4. ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។