ម៉ាថាយ 9:33-36 Khmer Standard Version (KHSV)

33. កាល​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ»។

34. ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ»។

35. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។

36. កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។

ម៉ាថាយ 9