35. ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។
36. កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឲ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។
37. ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ” ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។
38. «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេឲ្យបាក់ធ្មេញតែមួយដែរ”។
39. រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឲ្យសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ។
40. បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរឲ្យគេយកអាវធំថែមទៀតទៅ។
41. បើមានគេបង្ខំអ្នកឲ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។
42. អ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។
43. «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។