54. កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
55. នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។
56. ក្នុងចំណោមស្ត្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។
57. លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។
58. គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់ព្រះសពមកគាត់។
59. លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី
60. រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
61. នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
62. នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក* ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* នាំគ្នាទៅជួបលោកពីឡាត
63. ជម្រាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថា: “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ”។