22. លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។
23. លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។
24. ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
25. ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
26. លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅឲ្យគេឆ្កាង។
27. ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។
28. គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។