ម៉ាថាយ 26:15-25 Khmer Standard Version (KHSV)

15. ជម្រាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជា‌ចារ្យ​ក៏​រាប់​ប្រាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង។

16. ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។

17. នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* សិស្ស*​នាំ​គ្នា​មក​គាល់​ព្រះ‌យេស៊ូ ទូល​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។

18. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទីក្រុង ប្រាប់​គាត់​ថា: “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់*​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក”»។

19. សិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​ចម្លង។

20. លុះ​ដល់​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប។

21. នៅ​ពេល​បរិភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

22. ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ។

24. បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។

25. យូដាស​ជា​អ្នក​ក្បត់​ព្រះ‌អង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

ម៉ាថាយ 26