10. ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។
11. ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ
12. ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។
13. ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។
14. ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។
15. ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។
16. គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថាពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។
17. ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។
18. ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?
19. ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។