ម៉ាថាយ 18:6-11 Khmer Standard Version (KHSV)

6. «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់ ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​ឲ្យ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​នៅ​រស់!

7. មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើន​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប។ ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុត ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ!

8. ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច។

9. ប្រសិន​បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។

10. ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ* ទាំង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង

11. [ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់។]»

ម៉ាថាយ 18