6. ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។
7. ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។
8. កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។
9. ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស*មានជីវិតរស់ឡើងវិញ»។
10. ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ*ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
11. ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។