ម៉ាថាយ 14:13-18 Khmer Standard Version (KHSV)

13. កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះ‌អង្គ។

14. កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

15. ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។

16. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «មិន​បាច់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។

17. សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។

18. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំប៉័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។

ម៉ាថាយ 14