19. អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។
20. រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ
21. ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
22. អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលបានឡើយ។
23. រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។