ម៉ាថាយ 12:33-38 Khmer Standard Version (KHSV)

33. «បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។

34. នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។

35. មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។

36. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ

37. ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយ‌សារ​ពាក្យ​សម្ដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​អ្នក​ដែរ»។

38. នៅ​ពេល​នោះ មាន​ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។

ម៉ាថាយ 12