22. ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើឲ្យគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់ឲ្យជា គាត់ក៏និយាយបាន និងមើលឃើញទៀតផង។
23. មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។
24. ប៉ុន្តែ ពួកខាងគណៈផារីស៊ី*ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចឲ្យប៉ុណ្ណោះ»។
25. ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខាន រីឯក្រុង ឬក្រុមគ្រួសារណាបាក់បែកទាស់ទែងគ្នាឯង ក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។
26. បើមារ*សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។
27. ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។