21. «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។
22. ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។
23. អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។
24. ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។
25. នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។
26. មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។
27. ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឲ្យស្គាល់នោះដែរ»។