7. ពេលនោះ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។
8. រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។
9. ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបី ទ្រង់ហាមប្រាមគេ មិនឲ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។
10. អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ“រស់ឡើងវិញ” មានន័យដូចម្ដេច?»។
11. បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
12. ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?
13. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។