ម៉ាកុស 12:18-27 Khmer Standard Version (KHSV)

18. មាន​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

19. «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។

20. ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។

21. ប្អូន​បន្ទាប់​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។

22. បង‌ប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត នាង​ក៏​ស្លាប់​ទៅ​ដែរ។

23. លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។

24. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។

25. ពេល​មនុស្ស​ស្លាប់ មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។

26. លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។

27. ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។

ម៉ាកុស 12