31. មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
32. ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖
33. «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកអាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។
34. ពួកនោះនឹងចំអកឲ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។