15. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ»។
16. បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ព្រះហស្ដពីលើ។
17. កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
18. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។
19. អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា”»។