25. ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។
26. វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះ ដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។
27. មនុស្សម្នាទាំងអស់ ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។
28. ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។
29. ព្រះយេស៊ូ និងសិស្ស*នាំគ្នាចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។
30. ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។
31. ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។