18. ទោះបីពួកគេសិតរូបកូនគោមួយទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នកដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!”ហើយទោះបីពួកគេបានប្រមាថព្រះអង្គខ្លាំងយ៉ាងណាក្ដី
19. ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេនៅវាលរហោស្ថានឡើយព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរពួកគេយ៉ាងខ្លាំង។នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេដោយដុំពពកនៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
20. ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកពួកគេដើម្បីឲ្យពួកគេចេះគិតពិចារណាព្រះអង្គប្រទាននំម៉ាណាឲ្យពួកគេបរិភោគព្រមទាំងប្រទានទឹកឲ្យពួកគេមិនដែលអាក់ខានឡើយ។
21. ក្នុងអំឡុងពេលសែសិបឆ្នាំព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលពួកគេត្រូវការនៅវាលរហោស្ថានពួកគេមិនដែលខ្វះខាតអ្វីឡើយសម្លៀកបំពាក់របស់ពួកគេមិនរេចរឹលហើយជើងរបស់ពួកគេក៏មិនហើមដែរ។
22. ព្រះអង្គបានប្រគល់ទឹកដីរបស់នគរនិងជាតិសាសន៍នានាដែលនៅជិតខាងមកឲ្យពួកគេកាន់កាប់។ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុកជាស្ដេចស្រុកបាសាន។
23. ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដីដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេថានឹងឲ្យពួកគេកាន់កាប់។