4. លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្ដាំដៃរបស់លោក ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការី និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។
5. លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។
6. លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ អោនមុខដល់ដី។
7. លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយក្រឹត្យវិន័យពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។
8. ពួកគេអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះឲ្យប្រជាជនយល់។
9. ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងក្រឹត្យវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយក្រឹត្យវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។
10. លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។
11. ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។