10. លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។
11. ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។
12. ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឲ្យស្ដាប់។
13. នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យ។
14. ពួកគេឃើញក្នុងក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំ*។
15. ពួកគេត្រូវប្រាប់ដំណឹងនេះឲ្យប្រជាជនទាំងអស់ដឹងនៅតាមក្រុងនានា និងនៅក្រុងយេរូសាឡឹម គឺពួកគេប្រកាសថា “ចូរនាំគ្នាទៅតាមភ្នំ ហើយកាច់មែកអូលីវស្រុក អូលីវព្រៃ មែកចាក មែកទន្សែ និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន យកមកសង់បារាំដូចមានចែងទុក”។
16. ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់បារាំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់បារាំ នៅទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអិម។