9. ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។
10. ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចម្រៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។
11. ខ្ញុំស្ដីបន្ទោសពួកអ្នកគ្រប់គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចម្រៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។
12. ពេលនោះ ប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ដែលជាតង្វាយមួយភាគដប់មកដាក់ក្នុងឃ្លាំង។
13. ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេលេមា ជាបូជាចារ្យ លោកសាដុក ជាបណ្ឌិតខាងវិន័យ និងលោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណាន ជាកូនរបស់លោកសាគើរ និងជាចៅរបស់លោកម៉ាថានា ធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបឲ្យបងប្អូនរបស់ខ្លួន។
14. ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះដំណាក់របស់ព្រះអង្គ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើព្រះអង្គ។
15. នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។
16. មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។