15. ពេលឃើញកង្កែបងាប់អស់ហើយនោះ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។
17. លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។
18. ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។
19. ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
20. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅទន្លេ ហើយទូលស្ដេចដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
21. ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។