4. ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
5. ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
6. លោកម៉ូសេ និងលោកអើរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។
7. នៅពេលលោកទាំងពីរទៅគាល់ព្រះចៅផារ៉ោននោះ លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ លោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
8. ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអើរ៉ុនថា៖
9. «ប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្តែងបាដិហារិយ៍នោះ ត្រូវប្រាប់អើរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។
10. លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអើរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។
11. ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
12. ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់ពួកគេអស់។
13. ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្ដេចមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុនទេ។
14. បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
15. ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។