18. ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។
19. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ៖ «ចូរប្រាប់អើរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
20. លោកម៉ូសេ និងលោកអើរ៉ុន ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺលោកអើរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។
21. ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។
22. ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
23. ព្រះចៅផារ៉ោនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកព្រះហឫទ័យទុកដាក់នឹងការទាំងនោះឡើយ។
24. ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្ដូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។