1. បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជារាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។
2. ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។
3. លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។