19. នៅស្រុកម៉ាឌាន ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។
20. លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។
22. ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង
23. ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
24. ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។
25. នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។
26. ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។