19. បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួន ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។
20. ចម្រឹងទាំងប៉ុន្មានរបស់ព្រះពន្លា និងចម្រឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
21. ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់លោកម៉ូសេ នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។
22. លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
23. លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់ នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីអាប់ជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។
24. មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១ ០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
25. រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣ ៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។