26. ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
27. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ឋាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រាអែល»។
28. លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
29. លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។
30. លោកអើរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។