10. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសម្តែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រាអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នកនឹងឃើញស្នាព្រះហស្ដដ៏គួរឲ្យកោតស្ញប់ស្ញែង ដែលព្រះអម្ចាស់បានធ្វើ តាមរយៈអ្នក។
11. ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។
12. ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ ក្នុងចំណោមអ្នក។
13. ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។
14. មិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត។