7. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។
8. ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។
10. ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
11. ប៉ុន្តែ លោកម៉ូសេទូលអង្វរ សូមការប្រោសប្រណីពីព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គ។
12. សូមកុំឲ្យជនជាតិអេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យ ឈប់ធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គទៅ។