18. លោកម៉ូសេឆ្លើយថា៖ «ទេ នេះមិនមែនជាសម្រែកជ័យជំនះ ឬសម្រែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចម្រៀង»។
19. លុះមកដល់ជិតជំរំ លោកម៉ូសេបានឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង លោកក្រេវក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ ឲ្យបែកនៅជើងភ្នំទៅ។
20. លោកយករូបកូនគោ ដែលពួកគេបានធ្វើទៅដុត រួចលោកកម្ទេចឲ្យម៉ដ្ដដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រាអែលផឹក។
21. បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។
22. លោកអើរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។
23. ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។
24. ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។