16. ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រាអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ការងារក្នុងពន្លាជួបព្រះអម្ចាស់។ ធ្វើដូច្នេះ ព្រះអម្ចាស់នឹងនឹកដល់កូនចៅអ៊ីស្រាអែល ដែលបានលោះជីវិតរបស់ខ្លួន»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
18. «ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សម្រាប់ធ្វើពិធីជម្រះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចចាក់ទឹកឲ្យពេញអាង។
19. អើរ៉ុន និងកូនប្រុសរបស់គាត់ ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។
20. មុននឹងចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ពួកគេត្រូវយកទឹកនោះមកធ្វើពិធីជម្រះកាយជាមុនសិន ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ ពេលចូលទៅកាន់អាសនៈ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ក៏ពួកគេត្រូវធ្វើពិធីជម្រះកាយដែរ។