និក្ខមនំ 29:26-32 Khmer Standard Version (KHSV)

26. ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​អើរ៉ុន​នោះ លើក​ឡើង​ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។

27. ត្រូវ​ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ថ្វាយ​ព្រះ‌អម្ចាស់​នោះ​ជា​សាច់​ដ៏‌វិសុទ្ធ។

28. ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អើរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។

29. ក្រោយ​ពេល​ដែល​អើរ៉ុន​ស្លាប់​ទៅ សម្លៀក‌បំពាក់​របស់​គាត់ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​គាត់ ដើម្បី​ឲ្យ​គេ​ពាក់ នៅ​ពេល​ទទួល​ពិធី​លាប​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ។

30. ក្នុង​ចំណោម​កូន​របស់​អើរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជា‌ចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។

31. ចូរ​យក​សាច់​របស់​ចៀម​ឈ្មោល ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ មក​ចំអិន​នៅ​ក្នុង​ទី‌សក្ការៈ។

32. អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំប៉័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

និក្ខមនំ 29