23. ទេវតារបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។
24. នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបម្រើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកម្ទេចស្តូបរបស់គេផង។
25. អ្នករាល់គ្នាត្រូវគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានអាហារ និងទឹក។ យើងនឹងការពារអ្នកមិនឲ្យមានជំងឺឈឺថ្កាត់ឡើយ។
26. ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងឲ្យអ្នកមានអាយុយឺនយូរទៀតផង។
27. មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។
28. យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកំចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។
29. យើងនឹងមិនបណ្ដេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។
30. យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នក បន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។