5. បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។
6. ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។
7. បងស្រីរបស់ទារកចូលមក ហើយទូលបុត្រីព្រះចៅផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»។
8. បុត្រីព្រះចៅផារ៉ោនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្ដាយទារកនោះមក។