1. សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
2. នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។
3. ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។