5. មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។
6. ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។
7. ស្ដេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។
8. ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីបមានព្រះហឫទ័យមានះ ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
9. កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
10. កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។
11. ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។
12. កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។