21. លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
22. ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។
23. កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចំបាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។
24. លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
25. ព្រះអង្គធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។