8. នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។
9. មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្ដង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។
10. មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
11. នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់”។
12. នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
13. ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។
14. អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។
15. ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំប៉័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំប៉័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរនឹងត្រូវបណ្ដេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។