28. ជនជាតិអ៊ីស្រាអែលចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
29. នៅកណ្ដាលអធ្រាត្រ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីបុត្រច្បងរបស់ព្រះចៅផារ៉ោន ដែលគ្រងរាជ្យ រហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។
30. នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។
31. ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការទៅកាន់លោកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រាអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើព្រះអម្ចាស់ ដូចអ្នករាល់គ្នាបានសុំនោះទៅ!
32. ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។
33. ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។