17. ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
18. លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។
19. ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។
20. ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។
22. លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្ដប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
23. ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។
24. ព្រះចៅផារ៉ោនក៏ឲ្យគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។
25. លោកម៉ូសេទូលស្ដេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។
26. យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។
27. ព្រះអម្ចាស់ធ្វើឲ្យស្ដេចផារ៉ោនមានព្រះហឫទ័យមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។
28. ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។
29. លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។