14. ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។
15. វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។
16. ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។
17. ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
18. លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។
19. ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។
20. ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។