1. លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។
2. លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។
3. លោកមានប្រសាសន៍ទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។
4. ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។
5. លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ ជាសាសន៍ម៉ូអាប់ ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។