1. លោកម៉ូសេបានកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រាអែលអើយ ចូរស្ដាប់ៈ នេះជាច្បាប់ និងវិន័យដែលខ្ញុំប្រកាសប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះឲ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។
2. ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។
3. ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។
5. ចំណែកឯខ្ញុំវិញ ពេលនោះ ខ្ញុំឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នាពុំបានឡើងទៅលើភ្នំទេ។ ព្រះអង្គមានព្រះបន្ទូលថា: